ដោយ៖ម៉ម ពិសី
ផ្អែកតាមការបញ្ជាក់ ពីលោក Aswin Serigar អ្នកនាំពាក្យនគរបាលបង្ក្រាបភេរវកម្មឥណ្ឌូណេស៊ី គឺជនសង្ស័យទាំង៥៩នាក់ ត្រូវបានចាប់ខ្លួនកាលពីដើមខែតុលា។ សមត្ថកិច្ចបានប្រមូលបាននូវសម្ភារៈជាច្រើន មានដូចជាអាវុធ សម្ភារៈផលិតផ្សព្វផ្សាយការឃោសនា ព្រមទាំងសម្ភារៈដើម្បីផលិតគ្រាប់ផ្ទុះផងដែរ។
ក្នុងចំណោមជនសង្ស័យដែលគេចាប់ខ្លួនបាន គឺមាន៤០នាក់ជាសមាជិករបស់ចលនា Jamaah Ansharud Daulah (JAD)។ ចលនាអ៊ីស្លាមនេះ បានលេចមុខឡើងនៅរវាងឆ្នាំ២០១៥ នៅឥណ្ឌូណេស៊ី ហើយមានទំនោរគាំទ្រក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ចំណែកជនសង្ស័យ១៩នាក់ទៀត គឺជាសមាជិករបស់ក្រុម Jamaah Islamiyah ដែលមានទំនោរដើរតាមក្រុមអាល់កៃដា។
ដោយ៖អៀង សុខម៉ិញ
កាណាដាបានសម្រេចហាមឃាត់ ដោយលុបនិងបិទខ្ទប់កម្មវិធីរបស់ចិន WeChat និងរុស្ស៊ីKaspersky ដើម្បីធានាសុវត្ថិភាពនិងការពារបណ្តាញនិងទិន្នន័យរដ្ឋកាណាដា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សារតនាគារ ដែលជាអាជ្ញាធរទទួលបន្ទុកចាត់ចែងហិរញ្ញវត្ថុសាធារណៈ។
តាំងពីថ្ងៃចន្ទមក កម្មវិធីដ៏ពេញនិយមទាំងពីរ លែងមាននៅក្នុងទូរស័ព្ទដៃរបស់រដ្ឋាភិបាលកាណាដាទៀតហើយ។ ហើយបុគ្គលិករដ្ឋនិងមន្ត្រីរដ្ឋការទាំងអស់ ក៏លែងអាចបញ្ចូលកម្មវិធីទាំងពីរនេះឡើងវិញក្នុងទូរស័ព្ទដែរ ព្រោះកម្មវិធីទាំងពីរមានផ្ទុកហានិភ័យដល់ជីវិតឯកជននិងដល់សន្តិសុខ ដែលមិនអាចអនុគ្រោះបាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល អាជ្ញាធរកាណាដាបានអះអាងថា វិធីសាស្ត្រប្រមូលទិន្នន័យរបស់WeChat និងKaspersky អាចចាប់ខ្លឹមសារក្នុងកម្មវិធីបានច្រើនខ្លាំងណាស់។ ប៉ុន្តែកាណាដាដែលបានហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចិនTikTok តាំងពីខែកុម្ភៈដើមឆ្នាំមក បានបញ្ជាក់ថាទោះបីកម្មវិធី WeChat និងKaspersky មានហានិភ័យខ្ពស់ច្បាស់ក្រលែតមែន តែគ្មានព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលណាបានជ្រាបចេញតាមបណ្តាញសង្គមនេះទេ។
Comments
Post a Comment