សង្គ្រាមអ៊ីស្រាអែលគ្មាន​ឡើយ​ពាក្យ​ឈប់​បាញ់ ប៉ុន្តែ​​ផ្អាក​បាញ់​បួន​ម៉ោង​ឱ្យ​ជន​ស៊ីវិលភៀស​ខ្លួន​ចេញ

ដោយ៖អៀង សុខម៉ិញ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃព្រហស្បតិ៍​ទី​៩​វិច្ឆិកាថា “ឈប់បាញ់​ប្រហារ​លើ​ពួកហាម៉ាស” មាន​ន័យ​ស្មើ​ចុះ​ចាញ់​។ អ៊ីស្រាអែល​មាន​កម្មវត្ថុដាច់ខាត​​កម្ចាត់ឱ្យ​ខ្ទេច​ពួក​ហាម៉ាសដែល​ជា​អ្នក​បំផ្ទុះ​​សង្គ្រាម​តាម​រយៈ​ការ​វាយ​ឆ្មក់​ទ្រង់ទ្រាយ​ធំ​ថ្ងៃ​ទី​៧​តុលា​២០២៣។
ប៉ុន្តែ​ដើម្បី​មនុស្សធម៌និង​ដើម្បី​ឱ្យ​ជន​ស៊ីវិលប៉ាឡេស្ទីន​​អាច​ភៀស​ខ្លួន​ចេញ​ពី​សមរភូមិប្រយុទ្ធ​​ភាគ​ខាង​ជើងឆ្ពោះ​ទៅ​ភាគខាង​ត្បូង​​នៃ​តំបន់​ហ្កហ្សា អ៊ីស្រាអែល​ព្រម​ផ្អាក​បាញ់បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទី​៩​វិច្ឆិកា​ទៅ។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​​អាមេរិក​លោក ចន​ គៀរប៊ី ដោយ​បញ្ជាក់​ថា​ ការ​ផ្អាក​បាញ់​បួន​ម៉ោង ដោយ​ដុបៗ​នៃ​តំបន់​ភាគ​ខាង​ជើង​ហ្កាហ្សា នឹង​ត្រូវ​ប្រកាស​ឱ្យដឹងនៅ​បី​ម៉ោង​មុន​។ សម្រាប់​លោក​គៀរប៊ី អាមេរិក​បាន​ទទួល​​ការ​ធានារ៉ាប់រង​​ពី​ក្រុមយោធា​អ៊ីស្រាអែលថា​នឹង​គ្មាន​ប្រតិ​បត្តិការ​យោធា​ក្នុង​ផ្នែក​ណា​មួយ​​ក្នុង​អំឡុង​ពេល​សម្រាក​បាញ់​នោះ​ទេ។


 

Comments