ដោយ៖ម៉ម ពិសី
តាមការរំពឹងទុក កិច្ចប្រជុំកំពូលនៃបណ្តាថា្នក់ដឹកនាំប្រទេសអារ៉ាប់និងអ៊ីស្លាមនេះ នឹងប្រកាសថ្លែងការថ្កោលទោសធ្ងន់ៗ ចំពោះការបាញ់ប្លោងគ្រាប់ ដែលអ៊ីស្រាអែលបានធ្វើទៅលើតំបន់ហ្កាហ្សា ប្រមាណ១ខែមកនេះ។ ការទម្លាក់គ្រាប់បែក ដែលបានធ្វើឲ្យជនស៊ីវីលប៉ាឡេស្ទីន ស្លាប់យ៉ាងហោច ១១០០០នាក់ និងរាប់ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួន។
មុននឹងចេញដំណើរទៅកាន់ក្រុងរីយ៉ាត លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា ដល់ពេលហើយ ដែលត្រូវឈប់និយាយត្រឹមតែសម្តី ហើយត្រូវធ្វើអ្វីម្យ៉ាងឲ្យជាក់ស្តែង។ ជាថ្មីម្តងទៀត លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បានទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិក ដោយចោទថាអាមេរិកមាត់និយាយផ្សេង តែទង្វើធ្វើផ្សឹង។ នៅក្នុងសុន្ទរកថាចំពោះមុខថ្នាក់ដឹកនាំអារ៉ាប់នៅរីយ៉ាត លោកប្រធាធិបតីអ៊ីរ៉ង់ បានអំពាវនាវថា ត្រូវតែរួមគ្នាប្រកាសចាត់ទុកកងទ័ពអ៊ីស្រាអែល ជា “អង្គការភេរវកម្ម”។ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បន្តទៀតថា ក្រុមប្រទេសអារ៉ាប់អ៊ីស្លាម ត្រូវតែត្រៀមជួយផ្តល់អាវុធដល់ប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់សង្គ្រាមនេះទេនោះ។
Comments
Post a Comment