មេត្រូហ្កាហ្សា ផ្លូវរូងក្រោមដី ជាទីតាំងប្រយុទ្ធរបស់​ពួកហាម៉ាសក្នុងទឹកដីហ្កាហ្សា

ដោយ៖ ឈាង បុប្ផា
អ៊ីស្រាអែលទទួលស្គាល់ថា​សង្រ្គាមហ្កាហ្សា​នឹង​មានរយៈពេល​វែង និង​លំបាក​នៅចំពោះមុខសត្រូវ​ដូចជា​ក្រុមហាម៉ាស​ដែលបានប្រុងប្រៀប ត្រៀមខ្លួន​និង​មាន​គោលដៅ​ច្បាស់លាស់។ នៅក្នុង​សមភូមិប្រយុទ្ធ​នៅក្នុងទឹកដី​ហ្កាហ្សា ក្រុមហាម៉ាស​មានកម្លាំងខ្លាំងទាំងផ្នែកតាក់ទិក និ​ងយុទ្ធសាស្រ្ត បើប្រៀបធៀបនឹង​កងទ័ពអ៊ីស្រាអែល​ ព្រោះថា ហ្កាហ្សា​ជាតំបន់​ដែល​ក្រុមហាម៉ាស​គ្រប់គ្រង​និង​ស្គាល់​ដូចបាតដៃ។ ទាហាន​របស់​ក្រុមហាម៉ាស​ស្គាល់​គ្រប់កន្លុកកន្លៀត គ្រប់ផ្លូវសម្រាប់​ដាក់អន្ទាក់មីន និង​រង់ចាំលួចវាយប្រហារ​រថក្រោះកងទ័ពអ៊ុយក្រែន។ បន្ទាប់មកទៀត​គឺ​រូងក្រោមដីរបស់​ក្រុមហាម៉ាស​ដែល​ជា​ឧបសគ្គ បង្កបញ្ហា​ឈឺក្បាលសម្រាប់​កងទ័ពអ៊ីស្រាអែល។
តើរូងក្រោមដីនៅហ្កាហ្សាចាប់មានតាំងពីពេលណា?
តំបន់​ហ្កាហ្សា​មាន​បង្កប់​ដោយ​ផ្លូវក្រោមដី ឬ​រូងក្រោមដី​ច្រើន​ជាន់ និង​ខ្វាត់ខ្វែង​រាប់សិប​គីឡូម៉ែត​ដែល​ជីក​ដោយ​ពួក​ហាម៉ាស។ ពួក​ហាម៉ាសប៉ាឡេស្ទីន​ចាប់សាងសង់​ផ្លូវរូងក្រោមដីនៅពួកគេចូលកាន់អំណាច​គ្រប់គ្រងដែនដី​ហ្កាហ្សានៅឆ្នាំ​២០០៧។ ឆ្នាំ​២០០៧​ក៏​ជា​ឆ្នាំ​ដែល​អ៊ីស្រាអែល​បានសម្រេច​​បិទខ្ទប់​ការចេញ​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ទាំង​មូល ដើម្បីដាក់ពិន័យលើក្រុមហាម៉ាស។ ផ្លូវរូងក្រោមដីដែលកងទ័ពអ៊ីស្រាអែល​ដាក់ឈ្មោះថា មេត្រូហ្កាហ្សាជាសំណង់ដ៏រឹងមាំ​ប្រើដោយ​បេតុង និង​មាន​ប្រវែងសរុបប្រមាណ​៥០០គីឡូម៉ែត្រ​ នោះបើទោះបីជា​ផ្ទៃដីរបស់​​ហ្កាហ្សាមានតែ​៣៦០គីឡូម៉ែត្រ​ការ៉េ ជាមួយ​ប្រវែងបណ្តោយតែ​៤០គីឡូម៉ែត្រក្តី។ ខ្វាត់ខ្វែង កាច់ចុះ កាច់ឡើង រូងក្រោមដី​របស់​ពួកហាម៉ាស​​ត្រូវ​បាន​សង់ឡើង​ជាច្រើនជាន់ ដោយ​កន្លែងកន្លះ មានជម្រៅទៅក្នុងដី រហូត​៨០ម៉ែត្រ។

 

Comments