អ៊ីស្រាអែល​បដិសេធ​បទឈប់បាញ់គ្រប់ទម្រង់ ខណះប្រកាសចង់​គ្រប់គ្រង​ហ្កាហ្សា

ដោយ៖ ឈាង បុប្ផា
គិតមកទល់ថ្ងៃអង្គារ ទី៧​វិច្ឆិកា សង្រ្គាម​ហ្កាហ្សា​មាន​រយៈពេល​១ខែគត់។ ១ខែ​គត់​ដែល​អ៊ីស្រាអែល​បើកការវាយប្រហារសងសឹក​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែល​បាន​បញ្ជូន​កងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជន​ស៊ីវិល នៅក្នុង​ទឹកដី អ៊ីស្រាអែល។ យោងតាម​អ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជន​ប្រដាប់អាវុធ​ហាម៉ាស​ជាង ២០០០នាក់ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយ​អ៊ីស្រាអែល​ចំនួន ២៩​កន្លែង បាន​ទទួល​បញ្ជា​ឲ្យ​ទៅ​បង្កសកម្មភាព​ភេរវនិយម សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ីស្រាអែល​ឲ្យបាន​ច្រើនបំផុត។ ការវាយឆ្មក់​របស់​កងកម្ម៉ង់ដូរ​ហាម៉ាស ទៅលើ​ទីក្រុង​ភាគខាងត្បូង​អ៊ីស្រាអែល បាន​សម្លាប់​មនុស្សជាង ១៤០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ចំណែក​មនុស្ស​ជាង​២៤០​ត្រូវ​ពួកហាម៉ាស​ចាប់ជា​ចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗ​ទៅលើ​ពួកហាម៉ាស អ៊ីស្រាអែល​បដិសេធ​បទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើ​អ៊ីស្រាអែល​រងការដាក់សម្ពាធ​ពីគ្រប់ទិស ដោយសារ​ចំនួន​មនុស្សស្លាប់​កាន់តែ​កើនឡើង នៅ​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែល​ទៅលើ​ទឹកដីហ្កាហ្សា។


 

Comments