លោក ម៉ាក្រុង ធ្វើដំណើរទៅកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថានក្នុងកម្មវត្ថុពង្រឹងវត្តមានរបស់បារាំង

ដោយ៖ម៉ម ពិសី
ទៅដល់ភ្លាម លោកម៉ាក្រុង ត្រូវបានទទួលស្វាគមន៍​ដោយ​លោកប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaïev នៅវិមានប្រធានាធិបតី​។ ផ្អែកតាម​ប្រភពពីភាគីបារាំង លោក​ប្រធានាធិបតីទាំង២ បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងមួយចំនួន ក្នុង​វិស័យ​ផលិតឱសថ និងក្នុងវិស័យផលិតយន្តហោះជាដើម។ ថ្លែងទៅកាន់​លោក​ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក​ម៉ាក្រុង បានលើកឡើងបារាំងចង់​បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំជាមួយ​កាហ្សាក់ស្ថាន​។ ក្រោយ​ជំនួប​នេះ លោក​ម៉ាក្រុងនឹងទៅជួបក្រុមនិស្សិតកាហ្សាក់ស្ថាន មុននឹងឡើងយន្តហោះបន្តទៅ​អ៊ូសបេគីស្ថាន។
គួរបញ្ជាក់ថា ក្រៅពីមានធនធានរ៉ែប្រេងកាត​ កាហ្សាក់ស្ថានមានធនធានរ៉ែដ៏កម្រមួយទៀត គឺ​រ៉ែអ៊ុយរ៉ានីញ៉ូម ដែលជា​​វត្ថុធាតុដើមដ៏ចាំបាច់​ សម្រាប់វិស័យ​នុយក្លេអ៊ែរផលិតចរន្តអគ្គីសនី​។ បារាំងមានវត្តមានប្រជែង​យកកិច្ចសន្យា សាងសង់រោងចក្រអគ្គីសនីនុយក្លេអ៊ែរទី១នៅកាហ្សាក់ស្ថាន ដែលប្រជាជន​កាហ្សាក់ស្ថាន នឹងសម្រេចបោះឆ្នោតប្រជាមតិនៅចុងឆ្នាំ​នេះ​។​ យ៉ាងណាមិញ អមដំណើរជាមួយ​លោក​ម៉ាក្រុង គឺមាន​អគ្គនាយកក្រុមហ៊ុនធំៗរបស់បារាំងជាច្រើននាក់ ក្នុងនោះ​មាន​អគ្គនាយកក្រុមហ៊ុន​អគ្គីសនីបារាំង EDF ក្រុមហ៊ុនគ្រប់គ្រងធនធានទឹក SUEZ និងក្រុមហ៊ុន​ផលិតអ៊ុយរ៉ានីញ៉ូមបារាំង Orano។

ដោយ៖អៀង សុខម៉ិញ

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពិភពលោក​បើក​​ជំនួប​កំពូល​ស្តីពី​​ហានិភ័យ​នៃ​បច្ចេកវិទ្យា​ដ៏ទំនើប​ដែលវិវឌ្ឍ​យ៉ាង​លឿន​រហ័សគឺ​ “បញ្ញា​សិប្បនិម្មិត”។ ​​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីតាំង​ប្រកប​ដោយ​និម្មត្តរូប​បំផុតក្នុង​ប្រទេស​អង់គ្លេស គឺ​វិមាន​Bletchley ដែល​ធ្លាប់​ជា​មណ្ឌល​​សិក្សា​កូដ​សម្ងាត់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ជំនួប​កំពូលចង់​ឆ្លុះ​ឱ្យ​ឃើញ​ថា​បញ្ញា​សិប្បនិម្មិត ​ជា​​បដិវត្ត​ផ្នែក​បច្ចេកវិទ្យា ដ៏​គួរ​ឱ្យ​ទាក់​ទាញ​និង​ប្រកប​ដោយ​​ក្តី​សង្ឃឹម។ ប៉ុន្តែ​បញ្ញា​សិប្បនិម្មិត​ក៏​​ជា​តំណាងនៃ​​ក្តី​ព្រួយ​បារម្ភ​ដែរ។នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ជំនួប​កំពូល អ្នក​ចូល​រួម​ត្រូវ​ជជែក​ពិភាក្សា​អំពី​សក្តានុពល​នៃ​គ្រោះ​ថ្នាក់ដែល​អាច​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា​សិប្បនិម្មិត។ ចំណែក​ប្រមុខ​ដឹកនាំ​នយោបាយជាន់​ខ្ពស់​ ដូចជា​​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ៊ួរស៊ូឡា វ៉ុនឌឺឡេយ៉ែន​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ អនុប្រធានាធិបតី​អាមេរិក​លោកស្រី​ កាម៉ាឡា ហារីស ព្រមទាំង​ប្រមុខ​ដឹកនាំ​រដ្ឋ-រដ្ឋាភិបាល​ក្រុមប្រទេស​ហ្សេ៧​ នឹង​បង្ហាញ​វត្តមាន​​ក្នុង​ជំនួប​កំពូល​នេះ​ក្នុង​ថ្ងៃ​ទី​ពីរ។ ទោះ​បី​កំពុង​ប្រឈម​មុខ​តាន​តឹង​ដាក់​គ្នា និង​ទោះ​មាន​ក្តីសង្ស័យ​ទាក់​ទង​នឹង​ចារកិច្ច​ឧស្សាហកម្ម​ក៏​ដោយ ក៏​ចិន​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម​ដែរ។


 

Comments