តើ​មាន​ប្រយោជន៍​យ៉ាងណា បើ​សន្និសីទស្តីពី​អាកាសធាតុ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​នោះ?

ដោយ៖អៀង សុខម៉ិញ
រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​១៩៧ប្រទេស និង​សហភាព​អឺរ៉ុប ​ បាន​មក​ជួប​ជុំ​គ្នានៅក្រុង​ឌូបៃ ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះរហូត​ដល់​ថ្ងៃទី ១២​ធ្នូ​២០២៣ ដើម្បី​បើក​សន្និសីទប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ​ លើក​ទី​ ២៨ COP28។ ​សន្និសីទ​​នេះ​ជា​ឱកាស​​ជជែក​អំពីការ​ប្រយុទ្ធប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ រួម​គ្នា​តែ​មួយ​គត់​ក្នុង​កំរិត​ពិភពលោក​។ហេតុអ្វី​COP28 ​ជា​ជំនួប​ដ៏សំខាន់​ខ្លាំង?
ថ្វីបើឥស្សរជន​សំខាន់ៗ ដូច​យ៉ាង​ប្រធានាធិបតី​អាមេរិក ចិន មិន​បាន​អញ្ជើញ​មក​ចូល​រួមដោយ​ផ្ទាល់​ក៏​ដោយ ក៏​​COP28 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួប​ដ៏​ធំ ដែល​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ដល់​ទៅ​​ប្រមាណ​៧ម៉ឺន​នាក់ និង​ជាសន្និសីទ​ដ៏​​សំខាន់​បំផុត​។តាំងពី​មាន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ក្នុង​COP21មក​ សន្និសីទអាកាសធាតុ​ឆ្នាំ​បន្ត​បន្ទាប់​ជា​ការ​បន្ត​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវត្ថុ​គោល​ គឺ​ទប់​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី​ឱ្យ​នៅក្រោម​ពីរ​អង្សានៅ​ដំណាច់​សតវត្សរ៍ និង​បើ​អាច​ឱ្យ​ឡើង​ត្រឹម​តែ​១អង្សា​កន្លះ​បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។

 

Comments