អ៊ីស្រាអែលនិងហាម៉ាស បាន​សម្រេច​ពន្យារ​រយៈពេល​ពី​រ​ថ្ងៃ​បន្ថែម​ទៀត ​គឺ​ដល់​ថ្ងៃទី ៣០​វិច្ឆិកា​

ដោយ៖អៀង សុខម៉ិញ
ចូល​ជា​ធរមាន​នៅថ្ងៃ​សុក្រទី​២៤​វិច្ឆិកា កិច្ចព្រមព្រៀង​​ឈប់​បាញ់​អ៊ីស្រាអែល​-ហាម៉ាស ដែល​ដឹកនាំ​ចរចា​ដោយ​​​​កាតា​ ​​សហរដ្ឋ​អាមេរិក​និង​​​អេហ្ស៊ីប ​ត្រូវ​អស់​សុពលភាពនៅ​ថ្ងៃ​អង្គារ​ ​វេលា​ម៉ោង​៥​ភ្លឺ​ម៉ោង​សកល​ តែភាគី​ទាំងពីរ​បាន​សម្រេច​ពន្យារ​រយៈពេល​ពី​រ​ថ្ងៃ​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ថ្ងៃព្រហស្បតិ៍​ទី ៣០​វិច្ឆិកា​វេលា​ម៉ោង​៥​ភ្លឺ​ម៉ោង​សកល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​កាតានិង​សហរដ្ឋ​អាមេរិក នៅ​ប៉ុន្មាន​ម៉ោង​មុន​ផុត​ឱសានវាទ។អ្នក​នាំពាក្យ​កាតា​បាន​លម្អិត​នៅក្នុង​សេចក្តី​ថ្លែងការណ៍បន្ថែម​ទៀត​ថា ​ភាគី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ព្រមបន្ត​កិច្ចព្រមព្រៀង​​​ ដោយគោរព​តាម​លក្ខខណ្ឌ​ដដែល ​គឺ​ជា​ការ​ដោះដូរ​មួយ​ទល់​នឹង​បី។ តាម​គម្រោង​ ការ​បន្ត​បទ​ឈប់​បាញ់ពីរ​​ថ្ងៃ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែងចំណាប់​ខ្មាំង​អ៊ីស្រាអែល​ប្រមាណ​២០នាក់​ទៀត ទល់​នឹង​ការដោះលែងអ្នក​ទោស​ប៉ាឡេស្ទីន​ចេញ​ពី​ពន្ធនាគារ​ចំនួន​៦០នាក់។


 

Comments