ដោយ៖ ឈាង បុប្ផា
នាយករដ្ឋមន្រ្តីជប៉ុនលោកហ្វូមីអូ គីស៊ីដាតែងតាំងភ្លាមៗ សមាជិកថ្មីរបស់រដ្ឋាភិបាល បន្ទាប់ពី រដ្ឋមន្រ្តី៤រូបសុំលាលែងពីមុខតំណែង ដោយសាររឿងអាស្រូវហិរញ្ញវត្ថុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៤ធ្នូ។ រដ្ឋមន្រ្តីថ្មីរបស់ក្រសួងទាំង៤ ដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ត្រូវបានលោកនាយករដ្ឋមន្រ្តីប្រកាសតែងតាំងជាផ្លូវការ នៅក្នុងពិធីចូលគាល់អធិរាជជប៉ុន ណារុហិតូ។
នៅក្រោយការចុះផ្សាយរបស់កាសែតក្នុងស្រុកជប៉ុន ស្តីពីការបើកការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាក្រុងតូក្យូ ទៅលើសំណុំរឿងពុករលួយដែលមានជាប់ទាក់ទងសមាជិកគណបក្សសេរីប្រជាធិបតេយ្យ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីគីស៊ីដា រដ្ឋមន្រ្តី ៤រូប ដូចជាលោក Hirokazu Matsuno ប្រធានខុទ្ធការល័យនាយករដ្ឋមន្រ្តី និងជាមនុស្សដៃស្តាំរបស់លោកគីស៊ីដា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តី ក្រសួងកសិកម្ម និងរដ្ឋមន្រ្តី ក្រសួងកិច្ចការផ្ទៃក្នុងបានដាក់ពាក្យសុំលាលែងពីមុខតំណែង។ នៅក្នុងបញ្ជីមន្រ្តីជប៉ុនដែលសុំលាលែងពីមុខតំណែង នៅថ្ងៃនេះ មានផងដែរ ឧបនាយករដ្ឋមន្រ្តីជប៉ុន៥រូប និងសមាជិកសភាមួយរូប។
Comments
Post a Comment