ចិនបាញ់ទឹក​រារាំង​កប៉ាល់ដឹក​ស្បៀងរបស់​រដ្ឋាភិបាលហ្វីលីពីន​ ខណៈជម្លោះសឹង​រាល់ខែនៅ​សមុទ្រ​ចិន​ខាងត្បូង

ដោយ៖ ឈាង បុប្ផា
ហ្វីលីពីន​និង​ចិន​ឈ្លោះ សង្ក្រឺតធ្មេញ​ដាក់គ្នា សឹង​ជារៀងរាល់ខែ នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទីដែល​មហាអំណាច​ចិន​ប្រកាស​ជា​ម្ចាស់កម្មសិទ្ធិ​ផ្តាច់មុខ។ នៅថ្ងៃ​សៅរ៍ កម្លាំង​ប្រតិបត្តិការ​ជាតិ​ហ្វីលីពីន​បាន​ចោទប្រកាន់ ថ្កោលទោស​ឆ្មាំសមុទ្រ​ចិន​ដែលប្រើកាំណុងបាញ់ទឹក ក្នុងគោលដៅ រំខាន​រារាំង​មិន​ឲ្យ​ទូករបស់​រដ្ឋាភិបាល​ហ្វីលីពីន​៣គ្រឿង​នាំយកស្បៀង និង​ប្រេង​ទៅ​ឲ្យ​ទូក​នេសាទ​ហ្វីលីពីន​នៅ​ក្បែរថ្មប៉ប្រះទឹក Scarborough។
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្លាំងប្រតិបត្តិការជាតិហ្វីលីពីន ឆ្មាំសមុទ្រ និង​កងទ័ពជើងទឹក​ចិន​បានធ្វើសកម្មភាព​ខុសច្បាប់ ដ៏គ្រោះថ្នាក់ ទៅលើ​នាវាហ្វីលីពីន។ តាម​ភាគីហ្វីលីពីន ប្រព័ន្ធឆ្លើយឆ្លង និង​ឧបករណ៍បើកបរ​របស់​ទូកមួយគ្រឿង​ត្រូវ​ខូចខាតយ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការបាញ់ទឹក​របស់​ឆ្មាំសមុទ្រ​ចិន ចំណែក​បុគ្គលិកនៅលើ​ទូកមួយគ្រឿងទៀត ខូចត្រចៀក មិនអាច​ស្តាប់លឺ​មួយរយៈ ដោយសារ​តែ​ប្រព័ន្ធបំពងសំឡេងរំខាន​របស់​ឆ្មាំសមុទ្រ​ចិន។


 

Comments