100ថ្ងៃនៃសង្គ្រាមហ្កាហ្សា អ៊ីស្រាអែលប្ដេជ្ញាកម្ចាត់ពួកហាម៉ាស ខណៈអាមេរិកខាតប្រយោជន៍កាន់តែច្រើន

ដោយ៖ អៀង សុខម៉ិញ
“ថ្ងៃ​នេះជា​គម្រប់ខួប​១០០​ថ្ងៃ​គត់​ដែល​សង្គ្រាម​នៅហ្កាហ្សា​បាន​ចាប់​ផ្តើម​ បង្ហិន​បង្ហោច សម្លាប់ជីវិត​​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យភៀសខ្លួន​​ធ្វើ​បំលាស់​ទី ជួប​គ្រោះ​អត់​ឃ្លាន​ និងការ​បាត់​បង់​។ ១០០​ថ្ងៃ​ហើយចំណាប់​ខ្មាំង​និង​ក្រុម​​គ្រួសារបាន​រស់​ក្នុង​កង្វល់​​រង​ទុក្ខព្រួយ។ ១០០​ថ្ងៃចុងក្រោយ​​នេះ​បាន​ក្លាយ​ស្នាម​ខ្មៅ​ប្រលាក់​ប្រលូស​ដក់​ជាប់​ក្នុង​ស្រទាប់​មនុស្សជាតិ​រួម​”។ នេះ​ជា​ប្រសាសន៍​របស់Philippe Lazzarini ​នាយក​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​ (UNRWA) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ហ្កាហ្សា។ សម្រាប់តំណាង​​អង្គការ​សហប្រជាជាតិ​រូប​នេះ សង្គ្រាម​ហ្កាហ្សា​បាន​ធ្វើ​ឱ្យ​ក្មេង​មួយ​ជំនាន់​តែ​ម្តងត្រូវ​​រស់​ក្នុង​ភាព​បាក់​ស្បាត ប្រឈម​នឹង​ជំងឺដែល​បន្ត​រីក​រាលដាល​ ហើយ​ត្រូវ​ប្រឈម​នឹង​គ្រោះ​អត់​ឃ្លាន។ ១លាន​៩​សែន​នាក់​ពោល​គឺ​៨៥%​នៃពលរដ្ឋ​ហ្កាហ្សា​បានបង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង។
 

Comments