លោកគីម ជុងអ៊ុនព្រមានកូរ៉េខាងត្បូងពីការផ្ទុះសង្គ្រាម ខណៈកូរ៉េខាងត្បូងប្រកាសពីការត្រៀមខ្លួនរួចរាល់

ដោយ៖ ឈាង បុប្ផា
មេដឹកនាំ​របស់ បងប្អូន​សត្រូវ​កូរ៉េ​កំពុង​ផ្ទុះសង្រ្គាម​ពាក្យសំដី​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ នៅថ្ងៃ​ចន្ទម្សិលមិញ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​បាន​គំរាម​កូរ៉េខាងត្បូង​ពី​ការប្រកាស​សង្រ្គាម បើសិន​កូរ៉េខាងត្បូង​ហ៊ាន​រំលោភដែនដី ដែនអាកាស ឬ​ដែនសមុទ្រ​របស់​កូរ៉េខាងជើង​សូម្បី​តែមួយ​ចំអាម។

នៅក្នុង​សារថ្លែងទៅកាន់សភាកូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង​បាន​បញ្ជា​ឲ្យ​មាន​វិធានការ​ថ្មី ដើម្បី​កំណត់ថា កូរ៉េខាងត្បូង​ជា​ប្រទេស​ដែល​ប្រឆាំង រករឿង​កូរ៉េខាងជើង។ យោង​តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក​គីម ជុងអ៊ុនបាន​ផ្តល់យោបល់​ផងដែរ​ឲ្យ​សភា​សរសេរ​បញ្ជាក់ នៅក្នុង​រដ្ឋធម្មនុញ្ញ​ស្តីពី​ចូល​កាន់កាប់​ទាំងស្រុង ការវាយចូលគ្រប់គ្រង​សាធារណរដ្ឋ​កូរ៉េ ឬ​ការកាត់​យក​កូរ៉េខាងត្បូង​មកធ្វើជាទឹកដី​កូរ៉េខាងជើង​តែម្តង នៅក្នុង​ករណី​ដែល​មាន​ផ្ទុះសង្រ្គាម នៅឧបទ្វីបកូរ៉េ។

 

Comments