ប៉ាគីស្ថានថាមិនអាចទទួលយកបានជាដាច់ខាត ក្រោយ​​អ៊ីរ៉ង់បានវាយប្រហាររំលោភចូលដែនដីខ្លួន

ដោយ៖ អៀង សុខម៉ិញ
ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​អ៊ីរ៉ង់​រំលោភបូរណភាព​​​ដែន​ដី​ប៉ាគីស្ថាន​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ១៦​មករា ​ដែល​បង្ក​ឱ្យ​ស្លាប់​កុមារស្លូតត្រង់​​ពីរ​នាក់ និង​របួស​ក្មេង​ស្រី​បីនាក់ ជា​ទង្វើគ្មានហេតុផល និង​​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​​ប៉ាគីស្ថាន ដែល​ព្រមាន​ចាត់វិធានការ​តប​តវិញ និង​បាន​កោះ​ហៅ​តំណាង​អ៊ីរ៉ង់នៅទីក្រុង​អ៊ីស្លាម៉ាបាដ​​មក​​សម្តែង​ការ​ប្រឆាំង​នឹង​ទង្វើ​រំលោភ​បូរណភាព​ដែន​អាកាសប៉ាគីស្ថាន។ អាជ្ញាធរប៉ាគីស្ថាន មិន​បានបញ្ជាក់​អំពី​​ទីតាំង​រង​ការ​វាយប្រហារ​អ៊ីរ៉ង់​ទេ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ មីស៊ីល​អ៊ីរ៉ង់​បាន​បាញ់ចូល​ក្រុង​Panjgur ខេត្ត​បាលូឈីស្តង់ ប៉ែក​ខាង​លិច​នៃ​ប្រទេស​ ត្រង់​​​តំបន់​ព្រំដែន ​​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរដែលប្រវែង​ជាង​១ពាន់​គីឡូម៉ែត្រ​។

 

Comments