កូរ៉េខាងជើងបន្តបាញ់គ្រាប់ពិតបន្ថែមទៀត នៅក្បែរព្រំដែនសមុទ្រកូរ៉េខាងត្បូង

ដោយ៖ ហេង ឧត្តម
អាជ្ញាធរ​មូលដ្ឋាន​ នៅ​តំបន់​កោះប៉ែក​​ខាង​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា ​ពិតជា​បាន​ជូន​ដំណឹង ​ទៅឲ្យ​​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​ ដែលរស់នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​រក​ទីសុវត្ថិភាព ឬ​ត្រូវ​សម្ងំ​ក្នុង​ផ្ទះ​​។ សារតាមរយៈ​សារទូរសព្ទដៃនោះ អាជ្ញាធរ​​មូលដ្ឋាន​ ក៏​បញ្ជាក់ដែរថា ស្នូរ​សំឡេង​គ្រាប់​កាំភ្លើង​កំពុងតែ​លាន់​ឮរំពង។​​

ព័ត៌មាន​អំពី​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត ៩០គ្រាប់ ​ពីសំណាក់​ កូរ៉េខា​ង​ជើង បាញ់ទិសដៅ​នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ នេះ​ គឺសរុប ៣ ថ្ងៃ​ជាប់ៗគ្នាមកហើយ។ ​​​ថ្ងៃសៅរ៍ របបក្រុង​ព្យុងយ៉ាង បា​នបាញ់​គ្រាប់ពិត​ គឺ​​កាំភ្លើង​ត្បាល់​ ចំនួន ៦០ គ្រាប់​ ហើយ​ថ្ងៃ​សុក្រ បាញ់​គ្រាប់កាំភ្លើង​ត្បាល់ គ្រាប់ពិត​ដែរ ចំនួន​ ២០០ គ្រាប់។ គ្រាប់ពិត​ចំនួន​ ២០០ គ្រាប់​​ គឺ​ដែលមិន​ដែល​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក ដែល​កាលណោះ​ របបក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង បាន​បាញ់​គ្រាប់​ផ្លោង​ ត្រឹមតែ ១៧០​គ្រាប់ ប៉ុណ្ណោះ ​​លើកោះ យេអុនព្យ៉ុង (Yeonpyeong) ដែល​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ផង​។

 

Comments