លោក​ប្រមុខ​ការទូត​អាមេរិក​ចូល​អារ៉ាប៊ីសាអូឌីតនឹង​​បន្ត​ដំណើ​រ​ទៅ​កាន់​អ៊ីស្រាអែល និង​​ស៊ីហ្សកដានី

ដោយ៖ អៀង សុខម៉ិញ
នេះ​គឺ​ជា​លើក​ទី​បួន​ហើយ គិត​ចាប់​តាំងពី​សង្គ្រាម​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ហ្កាហ្សា​ថ្ងៃ​ទី ៧​តុលា​មក ដែល​លោក​អង់​តូនី​ប្លីងកិន​ ប្រមុខ​ការទូត​អាមេរិក​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ដើម​បូព៌ា ដោយ​ចាប់​ផ្តើម​ពី​ប្រទេស​តួកគី ក្រិក ហ្សកដានី​​ កាតា និង​អេមីរ៉ាតអារ៉ាប់រួម​។
ជាមួយ​លោក​ប្រធានាធិបតី​អេមីរ៉ាតអារ៉ាប់រួម លោក​ប្រមុខ​ការទូត​បានជជែក​ពិភាក្សា​អំពី​ស្ថានភាព​នៅ​តំបន់​ហ្កាហ្សា និង​ស្ថានភាព​នៅ​ស៊ូដង់ ព្រមទាំងអរគុណ​អេមីរ៉ាត់​ក្នុង​បុព្វហេតុ​ចូល​រួម​ចំណែក​ផ្តល់​ជំនួយ​មនុស្សធម៌​​ដល់​ពលរដ្ឋ​ស៊ីវិល​នៅហ្កាហ្សា។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក។ អ្នក​នាំពាក្យ​ដដែល​បាន​អះអាង​ទៀត​ថា លោក​ប្លីងកិន​​បាន​ទទូច​អំពី​ភាព​ចាំបាច់​នៃការ​ទប់​ស្កាត់​មិន​ឱ្យ​ជម្លោះ​រីក​រាល​ធំជាង​នេះ។ ​ជម្លោះឆ្លង​ពេញ​តំបន់​នឹង​បង្ក​ឱ្យ​មាន​អសន្តិសុខ​កាន់​តែ​ខ្លាំង​ ទុក្ខវេទនា​កាន់​តែធំ។ នេះ​ជាពាក្យ​ព្រមាន​របស់​លោក​ប្រមុខ​ការទូត​ពី​ក្រុង​ដូហា។​ នៅ​ទីក្រុង​អាប៊ូដាប៊ី ពេល​ជួប​​រាជបុត្រ​ស្នង​រាជ​អារ៉ាប៊ីសាអូឌីត បេន សាល់មែន លោក​ប្រមុខ​ការទូត​បាន​លើក​ឡើង​អំពី​ការ​វាយប្រហារ​របស់ក្រុម​ឧទ្ទាម​ហ៊ូទី​នៅយេមែន ប្រឆាំង​នឹង​នាវា​ទំនិញ​នៅសមុទ្ទ​ក្រហម​ដើម្បី​សម្តែង​ការ​គាំទ្រ​ដល់​ប៉ាឡេស្ទីន។

 

Comments