អ៊ីស្រាអែលចង់ចរចាផ្អាកការប្រយុទ្ធរយៈពេល២ខែ ដើម្បី​រំដោះ​ចំណាប់​ខ្មាំង​ទាំងអស់

ដោយ៖ ម៉ម ពិសី
គេហទំព័រព័ត៌មាន Axios បានចុះផ្សាយថា អ៊ីស្រាអែលបានស្នើ​ចរចាជាមួយក្រុមហាម៉ាស ដែលមាន​អេហ្ស៊ីបនិងកាតាជាអ្នកជួយសម្របសម្រួល។ អ្វីដែល​អ៊ីស្រាអែលស្នើ គឺ ផ្អាកការប្រយុទ្ធជាបណ្តោះអាសន្ន​រយៈពេល​២ខែ ហើយជាថ្នូរ ក្រុមហាម៉ាស ត្រូវតែប្រគល់ចំណាប់ខ្មាំងទាំងអស់មកវិញ ទាំងសាកសពចំណាប់ខ្មាំង​ដែលស្លាប់ និងទាំង​ចំណាប់ខ្មាំងដែលនៅរស់។ផែនការដែលអ៊ីស្រាអែលបានស្នើ ក្នុងការដោះលែងចំណាប់ខ្មាំង គឺមានច្រើនដំណាក់កាល ដែលជាដំបូងគឺត្រូវដោះលែង​ចំណាប់ខ្មាំង​ជាកុមារ ភេទស្រី និងភេទប្រុស​មានអាយុចាប់ពី៦០ឡើងទៅ។ បន្ទាប់មកទៀត គឺត្រូវដោះលែងចំណាប់ខ្មាំងជាទាហានភេទស្រី មនុស្ស​ប្រុស​អាយុក្រោម​៦០ឆ្នាំ ទាហានភេទប្រុស មុននឹង​ប្រគល់សាកសពចំណាប់ខ្មាំង​។ នៅក្នុងក្របខណ្ឌនៃផែនការនេះដែរ ក្រុមហាម៉ាស ត្រូវកំណត់ជាមុននូវចំនួនអ្នកទោសប៉ាឡេស្ទីន ដែលខ្លួនចង់ទាមទារ​ឲ្យខាងអ៊ីស្រាអែលដោះលែង ទៅតាមដំណាក់កាលនីមួយៗ។​


 

Comments