អាមេរិក និងជប៉ុនធ្វើសមយុទ្ធរួមគ្នានៅសមុទ្រហ្វីលីពីន

ដោយ៖ ហេង ឧត្តម
សហរដ្ឋ​អាមេរិក​ និង ជប៉ុន​ សុទ្ធ​តែ​មានបញ្ហា​ជាមួយ​ ចិន។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិង​ក្រុង​ប៉េកាំង មាន​សំណុំ​រឿង​មិន​ត្រូវ​គ្នា​ជាច្រើនករណី​ រាប់ចាប់ពីបញ្ហា​តៃវ៉ាន់ បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ប្រព័ន្ធ​ចោរ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។ល។​ ចំណែក​ជប៉ុន​វិញ រាជរដ្ឋាភិបាល​ក្រុង​​តូក្យូ ក៏​ឈ្លោះ​នឹង​ចិន​ ក្នុង​សំណុំរឿង​ដណ្តើម​ដែនទឹក​ប្រជុំ​​កោះ​ សេនកាគូ ហៅតាមជប៉ុន ឬ ទាវយូ ហៅ​តាម​ចិន។

​នៅ​ពេលនេះ ​​កងទ័ព​ជើង​ទឹកសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តជប៉ុន​ បាន​សម្រេច​​​ធ្វើ​សមយុទ្ធ​រួម​គ្នា។​ ឧត្តមនាវីទោអាមេរិក​ ការឡូស សារឌីយែលឡូ បាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា​ វេលានេះ ជា​ឱកាស​សក្តិសមល្អ​ ដែលត្រូវ​រំឭករៀបចំ​ធ្វើសមយុទ្ធយោធា​រួមជាមួយ​ជប៉ុន​​​ នៅ​សមុទ្រ​ហ្វីលីពីន។ ភាគីយោធា​អាមេរិក​ ​បញ្ចូន​នាវា​ ចំនួន​ជាង​១០គ្រឿង​​ ចូលរួមសមយុទ្ធផ្លូវ​សមុទ្រ​នេះ​​ ដែលក្នុងនោះ មាន​​នាវា២​ អាច​ផ្ទុក​យន្តហោះ​ចម្បាំង​ផង។ មន្ត្រី​ជាន់ខ្ពស់អាមេរិក​ខាង​ទ័ព​ជើង​ទឹក ​រូបនេះ ក៏​សង្កត់ធ្ងន់​ប្រាប់អ្នក​កាសែត​ដែរ ថា​ប្រតិបត្តិ​ការ​សមយុទ្ធ​នេះចង់​បញ្ជាក់​អះអាង​ជាថ្មីទៀត​អំពី​សិទ្ធិសេរីភាពធ្វើ​​នាវាចរ​ និង​សិទ្ធិហោះហើរលើសមុទ្រ ​របស់​គ្រប់​ប្រទេស​ទាំងអស់ ដែល​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​។​

 

Comments