បារាំងលើកឡើង​ពីជម្រើស​បញ្ជូនទ័ព​លោកខាងលិច​ទៅ​អ៊ុយក្រែន និងវិធានការថ្មីដើម្បីជួយអ៊ុយក្រែន

ដោយ៖ ឈាង បុប្ផា
នៅក្នុង​កាលៈទេសៈ​ដែល​អ៊ុយក្រែន​កំពុង​ជួប​ការលំបាក នៅ​ក្នុងសមរភូមិ​ប្រយុទ្ធតទល់​នឹង​រុស្ស៊ី មេដឹកនាំ​បារាំង​ប្រកាស​វិធានការថ្មី​ដែល​នឹង​ទៅ​ផ្តល់​សន្ទុះ​ការគាំទ្រ​បន្ថែម​សម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតី បារាំង​ប្រកាស​វិធានការ​ផ្តល់ជំនួយ​សព្វាវុធ​បន្ថែម សម្រាប់អ៊ុយក្រែន នៅបន្ទាប់ពី លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី ត្អូញត្អែរ​ប្រាប់​សម្ព័ន្ធមិត្ត​ថា រហូត​មកដល់​ពេលនេះ អ៊ុយក្រែន​បាន​ទទួល​តែ​៣០%​ប៉ុណ្ណោះ នៃ​ចំនួន​គ្រាប់ប្លោង សរុបចំនួន​១លានគ្រាប់​ដែល​អឺរ៉ុប​បានសន្យា​ផ្តល់ជួយ​អ៊ុយក្រែន។ នៅក្នុង​សន្និសីទ​កាសែត ក្រោយ​បិទបញ្ចប់ជំនួបកំពូល​នៅទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ លោកម៉ាក្រុង​ទទួលស្គាល់ថា សហភាព​អឺរ៉ុប​បាន​ធ្វើការសន្យា​ដោយ​មិនបាន​គិតល្អិតល្អន់ជាមុន ព្រោះថា ដោយពិត​ទៅ អឺរ៉ុបខ្លួនឯង​គ្មាន​គ្រាប់ប្លោងចំនួន ១លានគ្រាប់ ដើម្បី​អាច​ផ្តល់ឲ្យអ៊ុយក្រែនទេ។

 

Comments