លោក នេតាន់យ៉ាហ៊ូ ត្រៀម​វាយប្រហារ​នៅ ក្រុង រ៉ាហ្វាហ៍ ដែលជា​ជម្រក​ចុងក្រោយរបស់ពួក​ហាម៉ាស

ដោយ៖ ហេង ឧត្តម
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ពីថ្ងៃពុធ បាន​បើកភ្លើង​ខៀវ​ឲ្យ​យោធា​សម្រុក​វាយប្រហារ​នៅ ក្រុង រ៉ាហ្វាហ៍ ប៉ែកខាងត្បូងតំបន់​​ ហ្កាហ្សា។ ក្រុង រ៉ាហ្វាហ៍ ជា​កន្លែង​ចុងក្រោយ​ សម្រាប់​ជនប៉ាឡេស្ទីន​ សំងំជ្រក​គេចពីសង្គ្រាម​។ ស្រាប់តែនៅថ្ងៃសុក្រ ទី​៩កុម្ភៈ​ លោក ​នេតាន់យ៉ាហ៊ូ បាន​ដាក់​បញ្ជាបន្ថែម ឲ្យ​កងទ័ព​អ៊ីស្រាអែល រៀបចំផែនការ​ជម្លៀស​ប្រជាជន​ ជាង ១ ៣០០ ០០០ នាក់​ ដើម្បី​នឹង​អាចវែក​ផ្លូវ ​កម្ទេច​ពួក​ក្រុមប្រដាប់​អាវុធ​​ហាម៉ាស ឲ្យអស់​​ដល់​ឫសគល់។ បើតាម​លោក​នេតាន់យ៉ាហ៊ូ, អ៊ីស្រាអែលមិនអាច​សម្រេច​គោលដៅបាន​ឡើយ ប្រសិន​បើ​មិន​បាន​កម្ទេច​កម្ចាត់​ពួក​ហាម៉ាស​ដែល​សំងំ​លាក់ខ្លួន​ជាមួយ​ប្រជាជន​នៅក្រុង រ៉ាហ្វាហ៍។ ដូច្នេះ ត្រូវ​តែ​ជម្លៀស​ប្រជាជន​ចេញពី​ទីតាំង​ប្រយុទ្ធ។

 

Comments