ប្រធានាធិបតី​វៀតណាម សុំ​លាចុះ​ពីតំណែងសង្ស័យ​មកពី​សំណុំ​រឿង​ពុក​រលួយ​​​បន្លំ​គេច​ពន្ធ

ដោយ៖ ហេង ឧត្តម
ចូល​កាន់តំណែង​​ប្រធានាធិបតី​វៀតណាម​ ទើបតែ​បាន​ ១ ឆ្នាំ,​ លោក  ​វ៉ វ៉ាន់ ធឿង​  (Võ Văn Thưởng) ប្រកាស​លាលែង​ចេញពីតួនាទី​ដោយ​គ្មានបញ្ជាក់​​លម្អិតមូលហេតុ​​សោះ​​។ ទាំងរូប​លោក ​វ៉ វ៉ាន់ ធឿង ផ្ទាល់ ​ទាំង​​​រដ្ឋាភិបាល​ ឬ​គណៈ​បក្សកុម្មុយនិស្ត​​ ក៏​មិន​បាន​ប្រកាសពី​មូលហេតុនៃការ​ចាកចេញនេះ ​ជាសាធារណៈ​សោះ​ឡើយ​។ ក៏ប៉ុន្តែ អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​​សង្ស័យ​ខ្លាំងនោះ ​គឺ​មូលហេតុ១ក្នុង​ហេតុ​ផល​ជាច្រើន ​អាច​មកពី​សំណុំ​រឿង​ពុក​រលួយ​​​បន្លំ​គេច​ពន្ធ​។ ដ្បិតថា កាលពី​ដើម​ខែ​មីនា ក្រសួង​សន្តិសុខសាធារណៈ​វៀតណាម​ បា​នប្រកាស​អំពីការបើកការ​ស៊ើប​អង្កេតផ្លូវ​ច្បាប់​​ពាក់ព័ន្ធ​អំពើ​ពុករលួយគេចពន្ធ​របស់ក្រុមហ៊ុន​អភិវឌ្ឍ​ហេដ្ឋា​​រចនាសម្ព័ន្ធ​ ​១ ឈ្មោះ Phuc Son ដែល​ធ្វើ​សកម្មភាព​ជំនួញ ក្នុង​ខេត្ត​ ​​៣។​ ក្នុង​នោះ​ ក៏​មាន​ខេត្តចាងណៃ​ ​ប៉ែក​កណ្តាល​វៀតណាម ដែលមាន​លោក ​វ៉ វ៉ាន់ ធឿង ជា​ប្រធាន​គណបក្ស​ប្រចាំ​​ខេត្ត​​​។ ក្រសួង​សន្តិ​សុខ​សាធារណៈ​​វៀតណាម​ បញ្ជាក់ថា ក្រុមហ៊ុន​​​នោះ​ ជាប់បទចោទប្រកាន់ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​ដើម្បី​គេច​វេស​មិន​បង់​ពន្ធ​ ហើយ​និង ក្រុម​អ្នកស៊ើប​អង្កេត ក៏​​បាន​ចាប់ឃាត់​ខ្លួន​​មន្ត្រី​ជាន់​ខ្ពស់​ខេត្តចាងណៃ​ ដល់ទៅ​ ៩នាក់ ទៀត​ផង​។​


 

Comments