ស្ថានការណ៍នៅ​សមរភូមិ​នៅអ៊ុយក្រែនកាន់អាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​រឹតតែសន្ធឹក​

ដោយ៖ ឈាង បុប្ផា
រុស្ស៊ី​បាន​បង្កើនការវាយប្រហារ ទៅលើ​អ៊ុយក្រែន នៅគ្រប់មុខព្រួញ។ ក្រៅពីវាយប្រហារ​ផ្លូវអាកាស បាញ់គ្រាប់មីស៊ីលបំផ្លាញ ​ហេដ្ឋារចនាសម្ព័ន្ធថាមពល​ធំៗរបស់​អ៊ុយក្រែន នៅក្នុងសមរភូមិឯណោះវិញ កងទ័ព​រុស្ស៊ី​បានបោះជំហាន​រុលទៅមុខ វាយដណ្តើមយកបានជាបន្តបន្ទាប់ ភូមិក្រុង​នៅភាគខាងកើត​អ៊ុយក្រែន។

នៅក្នុង​សារតេឡេក្រាម​កាលពីថ្ងៃសៅរ៍ មេបញ្ជាការ​កងទ័ពអ៊ុយក្រែន ទទួលស្គាល់​ថា ស្ថានការណ៍​នៅសមរភូមិ​ខាងកើត​ធ្លាក់ចុះអាក្រក់យ៉ាងខ្លាំង បន្ទាប់​ពី​រុស្ស៊ី​បើកការវាយប្រហារកាន់តែសន្ធឹក នៅក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី នៅខែ​មីនា។ ​បើតាម​មេបញ្ជាការ​អ៊ុយក្រែន លោក​ Oleksandre Syrsky កងទ័ពរុស្ស៊ី​វាយប្រហារ​លើទីតាំង​របស់​អ៊ុយក្រែន នៅ​ទីក្រុង Lyman និង Bakhmout។ អាកាសធាតុក្តៅស្ងួត មេឃស្រឡះ ហុចឱកាស​ឲ្យកងទ័ព​រុស្ស៊ីអាច​ប្រើ​កាំភ្លើងធំ​បាញ់ប្លោង និងរថក្រោះវាយលុក បោះជំហាន​កាន់តែលឿនទៅមុខ ក្នុងសមរភូមិ។ បើតាម​មេទ័ពអ៊ុយក្រែនដដែល នៅតាម​ជួរសមរភូមិខ្លះ ប្រើ​រថក្រោះ​វាយបំបែកខ្សែប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីបើកផ្លូវ​ឲ្យ​រថយន្តដឹកទ័ពថ្មើរជើង​ចូលទៅកាន់កាប់ភូមិអ៊ុយក្រែន។
------------------------------------------------------------------------------------

 

Comments