ឥណ្ឌា​​បញ្ជាឲ្យសម្លាប់​ក្រុមសកម្មជន​​ប្រឆាំង​ជាង​ ២០នាក់នៅលើទឹកដីប៉ាគីស្ថាន

ដោយ៖ ហេង ឧត្តម
ឥណ្ឌារៀន​យកគំរូ​តាម​ក្រុម​ម៉ូស្សាដ​ចារកិច្ច​អ៊ីស្រាអែល​ និងក្រុម​កាហ្សេបេចារកិច្ច​រុស្ស៊ី​ ដែល​មាន​ជំនាញ​ល្បីល្បាញ​​ខ្លាំង​ ក្នុងការ​រៀបចំ​គម្រោង​ផែនការ​​កម្ចាត់​កម្ទេច​អ្នក​ប្រឆាំង​នឹង​ខ្លួន ឬ​សម្លាប់​គូ​សត្រូវ​នៅ​ទឹកដីបរទេស​។​ គិត​ចាប់ពីឆ្នាំ២០២០មក​ ក្រុម​ប្រឆាំង​ឥណ្ឌា ជា​សកម្មជន​ចលនា​ផ្តាច់​ខ្លួន​ទាមទារ​ឯករាជ្យ​ ក្រុម​សិក្ហ យ៉ាងហោច ជាង​ ២០ នាក់ ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា បញ្ជា​ឲ្យ​សម្លាប់ នៅក្នុងទឹកដី​ប៉ាគីស្ថាន។ នេះបើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍ព័ត៌មាន​​ស៊ើប​អង្កេតរបស់​ក្រុម​អ្នក​កាសែត​អង់គ្លេស​​​ The Guardian ដែល​បាន​ចុះក្នុង​សប្តាហ៍​នេះ។ កាសែត​អង់គ្លេសបាន​​​សម្ភាសប្រភព​ព័ត៌មាន ពី​បណ្តាចារបុរសនិង​​​មន្ត្រីជាច្រើន ដែល​​ធ្វើការ​ឲ្យ​ ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ ទាំង​នៅ​ប្រទេស​ឥណ្ឌា​ផង និងនៅ ប៉ាគីស្ថាន​ ផង​។​​

 

Comments