តើអ្វីខ្លះជាគោលនយោបាយថ្មីសម្រាប់ពិភពលោក បន្ទាប់ពីលោកត្រាំជាប់ឆ្នោត?

ដោយ៖ ហេង ឧត្តម
លទ្ធផល​បោះឆ្នោតជ្រើសប្រធានាធិបតី​​អាមេរិក ជំនាន់ទី​៤៧ ​មិនទាន់សម្រេច​​ចេញ​ផ្លូវ​ការ​​និងត្រូវ​ទទួល​ស្គាល់ ជា​​​ផ្លូវ​ការនោះ​​ទេ។​ មុនដំបូង​គេ​បំផុត​ ​​​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ១គត់​ ដែលទំនោរ​គាំទ្រ​លោក ដូណាល់ ត្រាំ និង​លោក ត្រាំ ខ្លួន​ឯង​តែប៉ុណ្ណោះ ដែល​ហ៊ាន​ប្រកាស​អួត​អំពី​ជ័យ​ជម្នះ​របស់​បេក្ខ​ជន​បក្ស​សាធារណរដ្ឋ​ នៅពេលនេះ។ ទោះបីជា​លទ្ធផល​បោះឆ្នោត​មិនទាន់​ផ្លូវការ​ក៏ពិតមែន ប៉ុន្តែ ទាំង​អ្នកនយោបាយ​អាមេរិក​ និង​ ថ្នាក់​ដឹក​នាំ​បរទេស​​ គ្រប់គ្នាមើល៍​ទៅ ឃើញថា ​លទ្ធផល​​ច្បាស់ជា​គ្មានអ្វីប្រែប្រួល​ក្រឡាប់ចក្រត្រឡប់​ផ្សេងពី​នេះ​​ឡើយ​។​​ ដ្បិត​ថា សំឡេង​គ្រាំ​​ចំពោះ​បេក្ខជន​ ដូណាល់​ ត្រាំ ឋិត​នៅ​ឈាន​នាំមុខ​ លោកស្រី ខាម៉ាឡា ហារីស ហើយ​និង​មាន​ប្រៀប​ជាងឆ្ងាយខ្លាំងណាស់​។ ជាក់ស្តែង មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧ ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។ ​ចំពោះ​ ​សំឡេង​ឆ្នោត​ជាទូទៅ ក៏​លោក ត្រាំ បាន​នាំមុខ​ដែរ។ ​ពោល​​គឺ​​លោកបាន​សំឡេងនាំមុខ ​ទាំង​ខាង​សំឡេង​ឆ្នោត​របស់ប្រជាជនទូទៅ និង​នាំមុខ​ទាំង ​ប្រតិភូតំណាង ​អង្គបោះឆ្នោត​។​

 

Comments